កំណាព្យ គឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងជួនពិរោះ រណ្តំ ណែង ណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ ជាកំណត់... ចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។
ធាតុផ្សំរបស់កំណាព្យ
នៅក្នុងកំណាព្យ មានធាតុសំខាន់ៗ ដូចតទៅនេះ ៖
- ព្យាង្គៈ សំឡេងមួយម៉ាត់ៗនៅក្នុងកំណាព្យ។
- ឃ្លាៈ ព្យាង្គច្រើនរួមគ្នាបានជាឃ្លា។
- ល្បះ ឬល្បះខ័ណ្ឌៈ ឃ្លាច្រើនរួមគ្នាមកដោយមានខ័ណ្ឌ ហៅថាល្បះ ឬល្បះខ័ណ្ឌ។
ពាក្យ
នៅក្នុងកំណាព្យគេចែកពាក្យជាពីរគឺ ពាក្យពេចន៍ និងពាក្យសម្ផស្ស។
- ពាក្យពេចន៍គឺជាពាក្យសម្រាប់រំលេចន័យខ្លឹមសារ របស់អត្ថបទកំណាព្យឲ្យលេចធ្លោឡើង ឲ្យអត្ថបទនោះមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបារម្មណ៍ និងបំផុសឲ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយយ៉ាងណាៗនោះ។
- ពាក្យសម្ផស្សៈ គឺជាពាក្យគន្លឹះជួន ឬហៅចំណាប់ចុងជួន ដែលធ្វើឲ្យរូបភាព ឬទម្រង់នេះអត្ថបទកំណាព្យ មានសម្រស់ល្អឡើងប្រកបដោយលក្ខណៈចួនផ្ទួនរណ្តំ។
គេចែកពាក្យសម្ផស្សជាពីរ គឺពាក្យសម្ផស្សក្នុង និងពាក្យសម្ផស្សក្រៅ។
ក. ពាក្យសម្ផស្សក្នុង គឺសំគាល់លើចំណាប់ផ្ទួនចួនរណ្តំដែលស្ថិតក្នុងឃ្លាជាមួយគ្នា។
ឧទាហរណ៍ៈ ស្រីប្តីពីរបីពុំគាប់រាប់
ស្រី ចួននឹង ប្តី
គាប់ ចួននឹង រាប់
ខ. ពាក្យសម្ផស្សក្រៅ គឺសំគាល់ចំណាប់ចួន ផ្ទួន រណ្តំ ដែលឆ្លងពីឃ្លាមួយទៅឃ្លាមួយទៀត ឬពីល្បះមួយទៅល្បះមួយទៀត។
ឧទាហរណ៍ៈ
សុយិរាកើតឃ្លង់ ក្នុងមុងចំបែង លោកខែកើងស្រែង
ផ្កាយដុះកន្ទុយ។
មូសពាំដំរី ពីព្រៃធ្វើនុយ ខ្លាចាស់ពោះស្អុយ
ស៊ីនុយផឹនមូស។
សូរស័ព្ទ ឬសូរសៀង ឬសំនៀង
សូរស័ព្ទ ឬសូរសៀង ឬសំនៀង នៅក្នុងកំណាព្យមានសារៈសំខាន់ណាស់ ព្រោះកំណាព្យដែលល្អគឺកំណាព្យដែលមានចំណាប់ចួន និងផ្ទួនមានសំឡេងដូចគ្នា ។ពោលបើសំនៀងនោះចេញពីព្យញ្ជនៈឃោសៈ ខ្យល់គ្រលរសំឡេង "អ៊" ដូចជាពាក្យ គិត មិត្ត ពិត រឹត។
បើសំនៀងចេញមកពីព្យញ្ជនៈអឃោសៈ សម្លេងតូចស្រួយ ខ្យល់ "អ" ត្រូវតែចួននឹងអឃោសៈដែរ ដូចជា ពាក្យ កង បង ឡង សង ដង។
មិនត្រូវយកឃោសៈ ទៅចួននឹងអឃោសៈទេ។ ប៉ុន្តែតាមការសង្កេត បើព្យាង្គឬពាក្យទាំងឡាយណាដែលប្រើស្រៈ "ួ" ស្រៈ "ឿ" និងស្រៈ "ៀ" នោះឃោសៈ និងអឃោសៈ អាចចួនគ្នាបាន ព្រោះមានសូរសំឡេងដូចគ្នា។
ឧទាហរណ៍ៈ គួ តួ គួន ចួន លឿង សឿង គ្រឿង ក្បឿង ទិតៀន បៀតបៀន។
និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល
0 comments:
Post a Comment