ក្នុងសេចក្តីថ្លែងការណ៍ស្តីពីបញ្ហា ទឹកជំនន់ឆ្នាំ ២០១១ និងផលប៉ះពាល់ដែលបានធ្វើឡើងនៅភូមិគ្រឹះជិតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ថាន ភាពទឹកជំនន់នៅក្នុងឆ្នាំនេះប្រហាក់ប្រហែលទៅនឹងស្ថានភាព គ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០០០ ពិតមែនតែទឹកទន្លេមេគង្គមិនទាន់ឈានទៅដល់កម្រិតនៃឆ្នាំ ២០០០ ក៏ដោយចុះ ក៏ប៉ុន្តែស្ថានភាពនេះវាធ្ងន់ធ្ងរជាង។
សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា កាលពីឆ្នាំ ២០០០ ជំនន់តាមដងទន្លេ មេគង្គធ្វើឲ្យជន់លិចនៅបណ្តាខេត្តតាមដងទន្លេមេគង្គ ក៏ប៉ុន្តែស្ថានភាពដែលខុសប្លែករវាងឆ្នាំនេះ និង ឆ្នាំ ២០០០ នៅត្រង់ថា កាលពីឆ្នាំ ២០០០ តំបន់ដែលត្រូវរងគ្រោះគឺតែតាមដងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកខេត្តព្រះវិហារ សៀមរាប កំពង់ធំ និង បណ្តាខេត្តមួយចំនួនទៀតមិនបានទទួលរងផលប៉ះពាល់ទេ។ សម្តេចតេជោមានប្រសាសន៍ឲ្យដឹងថា ខេត្តស្វាយរៀង និង ខេត្តតាកែវបាន និង កំពុងតែចាប់ផ្តើមមាន ការជន់លិចដោយសារទឹកកាលពីដំបូងបានហូរធ្លាក់ទៅប្រទេសវៀតណាម ហើយបានជល់ជាមួយ ទឹកសមុទ្រដោយបានធ្វើឲ្យតំបន់ដែលនៅកៀកជាប់ជាមួយព្រំដែនវៀតណាម ដែលមាន ខេត្តកណ្តាល ព្រៃវែង ស្វាយរឿង តាកែវ និង មួយផ្នែករបស់ខេត្តកំពតក៏កំពុងជន់លិចផងដែរ។
នៅឆ្នាំ ២០០០ ក្រៅពីការទទួលរងគ្រោះដោយជំនន់ទន្លេមេគង្គ ប្រទេសកម្ពុជា ក៏បានទទួលរង គ្រោះដោយទឹកជំនន់ពីទិសខាងលិចគឺពីខេត្តកំពង់ស្ពឺ ដែលបានធ្លាក់ចូលមកកាន់រាជធានីភ្នំពេញ ដោយបានបង្ខំឲ្យមានការការផ្តាច់ផ្លូវជាតិលេខ ២ ដើម្បីរំដោះទឹក ប៉ុន្តែឆ្នាំនេះស្ថានភាព ទឹកជំនន់ចេញ ពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោតមិនទាន់មាននៅឡើយទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា «រាជរដ្ឋាភិបាលកំពុងតែតាមដានដានដោយយកចិត្តទុកដាក់លើបញ្ហានេះ»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ថានភាពវាមិនដូចគ្នាទេ កាលពីឆ្នាំ ២០០០ សមិទ្ធផលរបស់យើងដែលកសាងបានតិចជាងនេះ ប៉ុន្តែ ១១ ឆ្នាំកន្លងទៅយើងកសាងបានសមិទ្ធផល ច្រើនជាងមុន ដូច្នេះផលប៉ះពាល់កាន់តែធំជាងមុននៅតំបន់ដូចគ្នានេះដែរ។
សម្តេចតេជោថ្លែងឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ កញ្ញា ប្រជាពលរដ្ឋ ដែលបានស្លាប់ដោយសារជំនន់ទន្លេមេគង្គ និង ជំនន់ទឹកភ្លៀងមានចំនួន ១៤៨ នាក់ នៅទូទាំងប្រទេសដែលជាចំនួនស្លាប់កើនឡើងយ៉ាងគំហុក។ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង មានចំនួនដល់ទៅជាង ៥០ នាក់ បើប្រៀបធៀបទៅនឹងថ្ងៃច័ន្ទ(២៦ ខែកញ្ញា ឆ្នាំ២០១១) ពេលដែលគណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំ វិសាមញ្ញដាក់ចេញនូវផែនការ ក្នុងនោះមាន ៥២ នាក់ជាកុមារ។ ស្រូវដែលរងផលប៉ះពាល់មានរហូត ទៅដល់ជាង ២៧ ម៉ឺនហិកតា។ សម្តេចតេជោមានប្រសាសន៍ថា តាមរយៈក្រសួងកសិកម្មឲ្យដឹងថា ការខូចខាតស្រូវមានរហូតដល់ទៅជាង ៨ ម៉ឺនហិកតា នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើងផងដែរ។ ចំនួនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់នេះមានរហូតដល់ ទៅជាង ១៧ម៉ឺនគ្រួសារ ប្រជាពលរដ្ឋដែលត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានជាង ១៧ ០០០ គ្រួសារ សាលារៀនចំនួន ជាង ៨០០ សាលាមិនបានបើកបវេសនកាល វត្តលិចចំនួន ៣៦៤ វត្ត និង មជ្ឈមណ្ឌលសុខភាពលិច ចំនួន ៧៥ កន្លែង ដោយមិនទាន់គិតពីផ្ទះសម្បែងមួយចំនួនដែលរងផលប៉ះពាល់ និង ខូចខាតនោះ ទេ។
សម្តេចតេជោមានប្រសាសន៍ឲ្យដឹងថា ពិនិត្យអំពីផលប៉ះពាល់លើហេដ្ឋារចនាសម័្ពន្ធរូបវន្ត និង ហេដ្ឋារចនាសម័្ពន្ធដទៃទៀតក្នុងនោះប៉ះពាល់ផ្លូវជាតិ និង ផ្លូវខេត្តមានប្រវែងជាង ១០០ គម។ ផ្លូវលំមាន ប្រវែងជាង ១៨០០ គម។ ស្ពានចំនួន ១៣៦ ទំនប់លិចចំនួន ២៤៤ គម ដែលរដ្ឋត្រូវតែបង្កកថវិកាមួយ ចំនួនដែលគ្រោងបញ្ចុះទៅកាន់គម្រោងទាំងឡាយដែលរៀបចំសាងសង់ ដោយបង្វែរទិសមកសម្រាប់ ការស្តារឡើងវិញក្រោយទឹកជំនន់។
សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដូច្នេះទាំងរដ្ឋ និង ប្រជាពលរដ្ឋសុទ្ធ តែមានផលប៉ះពាល់ទាំងអស់ ដែលបញ្ហានេះវាបានទាក់ទងជាមួយនឹងកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ដែលបានព្យាករណ៍ថានឹងទទួលបាន ៦% ហើយក៍មានការព្យាករណ៍ថា កំណើននេះអាចស្ទុះ នៅក្នុងរង្វង់៧%។ សម្តេចតេជោមានប្រសាសន៍ថា «នេះគឺជាចំណែកមួយដែលយើងកំពុងតែតាមដាន និង ដោះស្រាយបញ្ហាដើម្បីកុំឲ្យកំណើននេះមានការធ្លាក់ចុះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជននោះ»។
សម្តេចតេជោមានប្រសាសន៍ថា ស្ថានភាពទឹកជំនន់ឆ្នាំនេះ បានធ្វើឲ្យមានឥទ្ធិពលទៅដល់ជីវភាពរស់នៅរបស់ប្រជាជន ហើយក៏បានធ្វើឲ្យពួកគាត់មានការឈឺចាប់ថែមទៀត ដោយសារការខាត បង់ផលដំណាំទាំងឡាយដែលបានដាំដុះ ហើយត្រូវចំណាយពេលច្រើនឆ្នាំដើម្បីដាំដុះឡើងវិញ។ ចំណែកផ្នែករដ្ឋវិញក៏ត្រូវទទួលរងនូវការលំបាក ដោយសារតែទុនរបស់រដ្ឋដែលបម្រុងទុកសម្រាប់ការ កសាងហេដ្ឋារចនាសម័្ពន្ធក៏ត្រូវបង្វែរយកមកធ្វើការជួសជុល ទៅលើហេដ្ឋារចនាសម័្ពន្ធដែលមានការខូចខាតនោះ។
ចំពោះការស្តារឡើងវិញពីគ្រោះទឹកជំនន់ ដ៏អាក្រក់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការជាច្រើនដែល រួមមាន ៖
-ទី១ បន្តជួយប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ដែលជាគោលដៅធំបំផុត ដែលយើងត្រូវដោះស្រាយទាក់ទងនឹងបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យ ដោយធ្វើយ៉ាងណាកុំឲ្យប្រជាជន ដាច់ស្បៀងនៅតំបន់ដែលមានទីទួលសុវត្ថិភាព។ បញ្ហាអនាម័យនៅតាមទីកន្លែងត្រូវតែមានការអប់រំប្រជាពលរដ្ឋនៅទីនោះ ហើយប្រជាពលរដ្ឋក៏ត្រូវតែចេះជួយខ្លួនឯងផងដែរ។ សម្រាប់កងកម្លាំងប្រដាប់ អាវុធ ត្រូវត្រៀមមធ្យោបាយដឹកជញ្ជូន ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់លំនៅដ្ឋានវិញនៅពេល ទឹកស្រក ហើយពេលមកដល់លំនៅដ្ឋានក៏ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ដូចជាពស់ ការលង់ទឹកជាដើម ឯមាតាបិតាក៏ត្រូវប្រយ័ត្នចំពោះបញ្ហាកូនក្មេងផងដែរ។ សម្តេចតេជោមានប្រសាសន៍ថា ជំងឺ ទាំងឡាយតែងតែរាតត្បាតក្រោយពេលទឹកស្រក ដូច្នេះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរដែនដី និង ក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់លើបញ្ហានេះជាពិសេស កុំឲ្យកើតមានជំងឺអាសន្នរោគនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាទីកន្លែងដែលមានទឹកជំនន់ទន្លេឬជំនន់ទឹកភ្លៀងនោះទេ។
-ទី២ ការស្តារឡើងវិញនូវស្រូវក៏ដូចជាផលដំណាំ សម្តេចតេជោបញ្ជាក់ថា ចំណុចនេះត្រូវយកចិត្តទុកដាក់ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងធនធានទឺក និង ឧតុនិយម ជាមួយស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការស្តារឡើងវិញ នូវការខូចខាត ដោយតំបន់ខ្លះត្រូវធ្វើថ្នាលសំណាបរួម តំបន់ខ្លះអាចធ្វើជារបៀបប្រើប្រាស់តាមបច្ចេកទេសពង្រោះស្រូវឬក៏យក ពូជស្រូវទៅស្ទូង ឬទៅកប់ក្នុងដីតែម្តង ដែលនេះជាវិធីថ្មីនៃវិស័យកសិកកម្មរបស់យើង។ ក្រសួងកសិកម្មត្រូវធ្វើការផ្តល់ ពូជ ជាស្រូវ ឬជាសំណាបដល់ប្រជាពលរដ្ឋរបស់យើងឲ្យបានទាន់ពេលវេលាផងដែរ។ ចំពោះដំណាំរួមផ្សំក៏ត្រូវយកចិត្តទុកដាក់ស្តារឡើងវិញផងដែរ ហើយនៅពេលទឹកស្រកនេះ ទំនប់ប្រឡាយមួយ ចំនួនគប្បីត្រូវធ្វើការជូសជុលឡើងវិញឲ្យបានទាន់ពេលវេលា ដើម្បីរក្សាទឹកទុកឲ្យបានគ្រប់គ្រាន់ សម្រាប់បំរើការងារស្រោចស្រពក្នុងការងារបង្កបង្កើនផល។
សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា ចំណុចទី៣ ខ្ញុំអំពាវនាវឲ្យក្រុមការងាររបស់គណបក្សប្រជាជនក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ត្រូវជួយជួសជុលផ្ទះឬកសាងផ្ទះឲ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលទទួលបានសប្បុរសជនជួយឧបត្ថម្ភនោះ។ សម្តេចតេជោបានថ្លែងអំណរគុណជាទូទៅចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អង្គការជាតិ អន្តរជាតិ ក្រុមការងាររបស់គណបក្សប្រជាជន បណ្តាគណបក្សនយោបាយមួយចំនួន និង សង្គមសីវិលមួយចំនួន ដែលបានជួយទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយ ទឹកជំនន់ និង បានសំដែងនូវអំណរព្រះរាជគុណថ្វាយចំពោះព្រះមហាក្សត្រ សម្តេចឱ សម្តេចម៉ែ ដែល ព្រះអង្គបានយកព្រះរាជទ័យទុកដាក់ ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ៕
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
0 comments:
Post a Comment